បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈប្តីចិត្តតិរច្ឆាន បានប្រើហិង្សាវាយសម្លាប់យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងចន្លោះ០២ទៅ០៣ទាបភ្លឺ នៅខ្ទមស្រែត្រង់ចំណុចថ្នល់ភ្លោះ ស្ថិតនៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ជនដៃដល់មានឈ្មោះ ឈាក់ ដោះ អាយុ ៣២ឆ្នាំ ត្រូវជាប្តី បានប្រើអំពើហិង្សាវាយទៅលើប្រពន្ធ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត។
ចំណែកឯជនរងគ្រោះ មានឈ្មោះ យង់ ទី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រីងកោង ឃុំបុស្បូវ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវជាប្រពន្ធរបស់ជនដៃដល់ (ស្លាប់)។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ ជនរងគ្រោះបានមកស្នាក់នៅខ្ទមចាំស្រែរបស់ឪពុកឈ្មោះ យ័ន យង់ អាយុ ៥១ឆ្នាំ នៅចំណុចកន្លែងកើតហេតុខាងលើ ដែលបំរុងទៅធ្វើការនៅប្រទេសថៃ ស្រាប់តែដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ទើបឪពុកត្រឡប់មកពីក្នុងភូមិក្បាលទន្សោងវិញ ស្រាប់តែឃើញកូនស្រីស្លាប់នៅខាងកើតខ្ទមស្រែ លើពុំនូកចំបើងតែម្តង ចំណែកឯកូនប្រសាដែរជាជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីបានទទួលពត៌មានភ្លាមកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យដល់កន្លែងកេីតហេតុ ដើម្បីពិនិត្យសាកសព និងកំពុងបន្តស្វែងរកជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។