កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលនាព្រឹកថ្ងៃចន្ទទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ប្រវែង៣៧៨០ ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងស្ពានបេតុងឆ្លងទន្លេតូច ប្រវែង៧៥ម៉ែត្រ ទទឹង ០៨ម៉ែត្រ នៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល។
ពិធីសម្ភោធនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ:អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធ។
នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ សូមចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋ នៅឃុំបាក់ដាវ ដែលទទួលបាន ផ្លូវ និងស្ពាន សម្រាប់ធ្វើដំណើរ ប្រកបអាជីវកម្ម និងដឹកជញ្ជូន។ ឯកឧត្តមបន្តថា កត្តាសុខសន្តិភាព ដែលជាចលករមួយដែលជម្រុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តកណ្តាល សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ អាចបិទសេដ្ឋកិច្ច តែមិនអាចបិទចក្ខុវិស័យ របស់អគ្គមគ្គុទេសន៍ ប្រកបដោយគតិបណ្ឌិត ការបត់បែន និងភាពប៉ិនប្រសប់ បាននោះទេ៕