(កណ្ដាល)៖ បុរសម្នាក់ដែលគេស្គាល់រហ័សនាម «គ្រូតឿ» ដែលតែងតែបង្ហោះវីដេអូមិនសមរម្យនៅតាមបណ្ដាញសង្គម Facebook នាំឲ្យមានការរិះគន់នោះ ត្រូវបានកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហៅមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្ដាញព័ត៌មាន BMK hotnews ឲ្យដឹងនៅមុននេះបន្ដិចថា បន្ទាប់ពីមានការរិះគន់តាមបណ្ដាញសង្គម Facebook ចំពោះការបង្ហោះវីដេអូដែលបង្ហាញពីសកម្មភាពមិនសមរម្យនោះ របស់បុរសម្នាក់នេះ លោកបានបញ្ជាឲ្យកម្លាំងស្រាវជ្រាវ និងនាំខ្លួនមកធ្វើការសួរនាំតែម្ដង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ សកម្មភាពរបស់បុគ្គលម្នាក់នេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម។ ជាពិសេសវីដេអូមួយដែលនាំឲ្យមានការរិះគន់ខ្លាំង គឺបុរសម្នាក់នេះ និងបក្ខពួក នាំគ្នាហូបអាចម៍គោ ដែលជាសកម្មភាពមិនសមរម្យ និងប៉ះពាល់ដល់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបង្ហាញថាហាក់ដូចប្រជាពលរដ្ឋគ្មានបាយហូប។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ការហៅបុគ្គលនេះមកសួរនាំ គឺចង់ឲ្យបុគ្គលម្នាក់បញ្ជាក់អំពីមូលហេតុ នៃការបង្ហោះវីដេអូបែបនេះនៅតាមបណ្ដាញសង្គម។ បន្ទាប់ពីបញ្ចប់ការសួរនាំ សមត្ថកិច្ចបានឲ្យ «គ្រូតឿ» នេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងរបស់រូបគេ និងបក្ខពួកប៉ុន្មាននាក់ទៀត ។
សូមជម្រាបថា បុរសម្នាក់នេះ ដែលគេស្គាល់ឈ្មោះ «គ្រូតឿ» និងមានគណនី Facebook «គ្រូតឿ» និងកូនសិស្សប៉ុន្មាននាក់ទៀត តែងតែបង្ហោះវីដេអូប្លែកៗនៅតាមបណ្ដាញសង្គម ហើយចុងក្រោយនេះ បានបង្ហោះវីដេអូហូបអាចម៍គោ នាំឲ្យផ្ទុះការរិះគន់ជាបន្ដបន្ទាប់៕