ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ បានចុះអនុវត្តដីកាបង្កកទ្រព្យសម្បត្តិរបស់ឈ្មួញ រកស៊ីកែច្នៃសំណាកសត្វព្រៃខុសច្បាប់ម្នាក់ នៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ១១B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ ការបង្កកទ្រព្យសម្បត្តិនេះ បន្ទាប់ពីឈ្មួញកែច្នៃសំណាកសត្វព្រៃរូបនេះ បានសម្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្នកាលពីពេលកន្លងទៅថ្មីៗនេះ។
ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រោយពីកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរកឃើញបទល្មើស ហើយបានចុះទៅធ្វើការឆែកឆេរផ្ទះខាងលើ និងបានធ្វើការឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ឈ្មោះ ឡា សេងងួន អាយុ ៤២ឆ្នាំ ដែលជាឈ្មួញធ្វើពាណិជ្ជកម្ម សន្និធិ កែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រ និងជិតផុតពូជ។ ទន្ទឹមនឹងនេះអ្នកពាក់ព័ន្ធចំនួន ៣នាក់ទៀតកំពុងគេចខ្លួន ក្នុងនោះមានម្ចាស់គណនីធនាគារឈ្មោះ Sok Theara ស្នាក់នៅផ្ទះ សិប្បកម្មឈើម្ដុំហ្គ្រែនភ្នំពេញ ជិះរថយន្តម៉ាកហ្វ័ត ស៊េរីឆ្នាំ២០១២ពណ៍ស ពាក់ស្លាកលេខ0449 ម្ចាស់ហ្វេសប៊ុកឈ្មោះ លី ហេងហួរ ស្នាក់នៅម្ដុំក្រោយវត្តនិរោធន៍ និងមានតូបលក់ដូអីវ៉ាន់ឈ្មោះម៉ែអាម៉ី តូបលេខ២ ផ្សារទួលទំពូង ដែលមានភ្លុកដំរីសម្រាប់លក់ឱ្យម៉ូយ និងម្ចាស់គណនីធនាគារឈ្មោះ សី ហួរ។
នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ រួមជាមួយកម្លាំងចម្រុះពាក់ព័ន្ធផ្សេងទៀត ដឹកនាំដោយ លោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ បានចុះទៅអនុវត្តដីកាបង្កកទ្រព្យសម្បត្តលេខ៤០ អ.ដ.ប.ទ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់ ឈ្មោះឡា សេងងួន រួមមានផ្ទះ និងសម្ភារផ្សេងៗទៀត ហាមមិនឱ្យលក់ដូរ ផ្ទេរកម្មសិទ្ធិ ជួល បញ្ចាំ និងធ្វើអំណោយផ្សេងៗ រហូតមានដីកាសម្រេចថ្មីពីសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ យោងតាមការស្រាវជ្រាវផ្ទះខាងលើ បានមកពីផលធ្វើពាណិជ្ជកម្ម សន្និធិ កែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រ និងជិតផុតពូជ ដែលសមត្ថកិច្ចរកឃើញថា ធ្វើឡើងកាលពីអំឡុងចុងឆ្នាំ២០១៩ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា បទល្មើសបទល្មើសធ្វើពាណិជ្ជកម្ម សន្និធិ កែច្នៃសំណាកសត្វព្រៃស្ថិតក្នុងក្រុមកម្រ និងជិតផុតពូជ មានចែងក្នុងមាត្រា៩៦ កថាខណ្ឌ១ ចំណុចទី១៧ និងចំណុចទី១៩ មាត្រា៩៨ កថាខណ្ឌ១ ចំណុចទី១២ នៃច្បាប់ស្ដីពីព្រៃឈើ។ ក្រៅពីនេះ ក៏មានចែងក្នុងមាត្រា២៩ថ្មី១ នៃច្បាប់វិសោធនកម្មមាត្រ៣ មាត្រ២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពី ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខនស/រកម/០៦១/០០៦ ចុះថ្ងៃទីចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ ផងដែរ៕