(ភ្នំពេញ) ៖ ទីតាំងល្បែងស៊ីសង «ភ្លាល់ទឹកភ្លៀង» កំពុងតែរីកដូចផ្សិតក្នុងដែនដីខណ្ឌ៧មករា ក្នុងបរិវេណបណ្តោយផ្លូវ១៣៩ សង្កាត់វាលវង្ស បែរជាសមត្ថកិច្ចមូលដ្ឋានថ្លែងថាមិនមាន មិនដឹងទៅវិញ។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» ដែលកំពុងតែប្រមូលគ្នាលេងយ៉ាងអណាធិបតេយ្យទាំងនេះ ពលរដ្ឋជាច្រើនកំពុងតែសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ ព្រោះហេតុថា អ្នកញៀនល្បែង ជាច្រើនកុះករ កំពុងតែឈ្លក់វង្វេងនឹងល្បែងអបាយមុខ ដែលជាហេតុបង្កឲ្យកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារ អំពើលួចឆក់ប្លន់ និងភាពអសន្តិសុខជាដើម! (ដូចពាក្យពោលថា) អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទាល់តម្រិះ បើមិនលួច ក៏ប្លន់សម្លាប់ដែរ។
ចំណែកឯលោក លឹម សុភា អភិបាលខណ្ឌ៧មករា ហើយនិងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា កំពុងសម្ងំស្ងៀម និងថ្លែងថាមិនដឹង មិនមានទៅវិញ នេះហាក់ដូចជាមានការលាក់បាំង ខ្លាំងមែនទែន។
ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី សូមឯកឧត្តមមេត្តាជួយចាត់ មន្ត្រីក្រោមឱវាទចុះពិនិត្យបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
ពលរដ្ឋស្នើដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាចាត់សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីចុះពិនិត្យបង្ក្រាបទីតាំងល្បែងស៊ីសងខាងនេះផងទាន៕