ភ្នំពេញ៖ ថៅកែក្លឹបកម្សាន្ត ដឹ ស្តម មិនដឹងខឹងចុងភៅរឿងអ្វី ទាញកាំភ្លើងបាញ់ឡើងលើធ្លុះសង្ក័សី រួចគេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ទាំងសមត្ថកិច្ចមូលដ្ឋាននិងអាវុធហត្ថ កាលពីវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃសៅរ៏ ទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្លឹបកម្សាន្ត ដឹ ស្តម ជាប់ផ្លូវលេខ១៨២ ទល់មុខកន្លែងលក់តុកទូរ វត្តព្រះពុទ្ធ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពបានឱ្យដឹងថា ថៅកែហាងខាងលើឈ្មោះ ហេង សុផល អាយុជាង៤០ឆ្នាំ ។ រីឯចុងភៅឈ្មោះ ឈូក សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ។
បើតាមសម្ដីចុងភៅបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនបង្កត្រូវជាថៅកែខ្លួន បានចូលមករករឿងមិនសួរហេតុផលដោយបានទៅវាយរទះគោដុតឲ្យខ្ទេច រួចចង់វាយជនរងគ្រោះថែមទៀតនិងបោះពាក្យសម្ដីថា ហ្អែងបន្តិចទៀតដឹងខ្លួនហើយ។ មួយសន្ទុះក្រោយមកថៅកែបង្កហេតុខាងលើក៏បានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកកន្លែងចុងភៅ រួចបាញ់ឡើងលើចំនួន១គ្រាប់ធ្លុះដំបូលស័ង្កសី និងបានដើរចេញពីក្លឹប និងបើករថយន្តគេចខ្លួនបាត់ ទើបបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ទាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុ។
បន្ទាប់មកជនរងគ្រោះក៏ផ្អាកធ្វើម្ហូបដើរចេញមកក្រៅបកស្រាយប្រាប់រឿងហេតុផលដល់អ្នកសារព័ត៌មានរួចរាល់ ក៏ទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីដាក់ពាក្យបណ្ដឹងទៅលើថៅកែរបស់ខ្លួន ឲ្យកម្លាំងជំនាញជួយរកយុត្តិធម៌និងចាត់ការតាមច្បាប់ ម្យ៉ាងវិញទៀតប្រជាពលរដ្ឋបានឆ្ងល់ថាតើថៅកែហាងធ្វើអ្វី? បានជាមានកាំភ្លើងបាញ់បោះសេរីបែបនេះ៕