កណ្តាល៖ ក្រោយប្រជាពលរដ្ឋបានផ្ដល់ដំណឹងជូនលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលថា នៅក្នុងភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ មានសកម្មភាពចោរឆក់យកទូរស័ព្ទដៃ បីទៅបួនករណីមកហេីយដោយប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំកោះធំខ មិនបានទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាឡេីយ។
ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ស្រាវជ្រាវបង្រ្កាបមុខសញ្ញាខាងលើ។ បន្ទាប់មកលោកអធិការ បានបញ្ជាឲ្យផ្នែកជំនាញ និងប៉ុស្ត៍ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ ច្បាមមុខសញ្ញាលួចឆក់ផ្សេងៗដេីម្បីមានវិធានការបង្ក្រាបឲ្យទាន់ពេល។
ជាលទ្ធផល៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី កម្លាំងនគរបាលផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះធំ (ខ) បានបង្ក្រាបចាប់បានជនសង្ស័យ០១នាក់ ដែលបានឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេច។ ជនសង្ស័យឈ្មោះ ឈុត មុន្នី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកពិតជាបានធ្វើសកម្មភាពលួចឆក់ទូរស័ព្ទដៃកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥:៣០នាទនៅចំណុចភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាលពីជនរងគ្រោះឈ្មោះ ដំ ស្រីនាថ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាលពិតប្រាកដមែន។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1X-2898 និងទូរស័ព្ទដៃ ម៉ាក Vivo19 ពពណ៌បៃតងខ្ចី០១គ្រឿងដោយបានប្រគល់ជូនជនរងគ្រោះ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី៕