ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលចរាចរណ៍ធ្វើការឃាត់ខ្លួន បន្ទាប់ពីល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការអប់រំណែនាំ របស់សមត្ថកិច្ច ព្រមទាំងយកខ្សែក្រវ៉ាត់វាយចំសមត្ថកិច្ចបន្ថែមទៀត ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៣រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ស្តុប ស្ពានដែក ចំការដូង តាមបណ្ដោយផ្លូវលេខ២១៧ មូលដ្ឋាន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្រ្តីជំនាញបានឲ្យដឹងថា : បុរសបង្កហេតុ មានឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ផ្លាកលេខព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាទមេីលងាយ និងយកខ្សែក្រវ៉ាត់វាយចំមកលេីសមត្ថកិច្ចថែមទៀតផង។
បន្ថែមទៀតនោះដោយឃើញសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ក៏ធ្វើការចាប់ឃាត់ខ្លួន ដើម្បីយកមកធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕