ខេត្តតាកែវ៖ ទីតាំងល្បែងស៊ីសង មាន់ជល់ ហាយឡាយ តាមទូរទស្សន៍អនឡាញ កំពុងតែរីកដូចផ្សិត នៅឃុំព្រៃផ្ដៅ ក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយទីតាំងល្បែងស៊ីសងទាំងនោះកំពុងតែបង្កព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ ពេញមូលដ្ឋាន បែរជាសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាបទៅវិញ។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» ដែលកំពុងតែប្រមូលគ្នាលេងយ៉ាងអណាធិបតេយ្យទាំងនេះ ពលរដ្ឋជាច្រើនកំពុងតែសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ ព្រោះហេតុថា អ្នកញៀនល្បែង ជាច្រើនកុះករ កំពុងតែឈ្លក់វង្វេងនឹងល្បែងអបាយមុខ ដែលជាហេតុបង្កឲ្យកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារ អំពើលួចឆក់ប្លន់ និងភាពអសន្តិសុខជាដើម! (ដូចពាក្យចាស់ពោលថា) អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទាល់តម្រិះ បើមិនលួច ក៏ឆក់ប្លន់ដែរ ។
តាមប្រភពព័ត៌មានក៏បានឲ្យដឹងដែរថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងស្រុកព្រៃកប្បាស ខាងលើនេះ មានបុគ្គលឈ្មោះ ប៊ូ ម៉ៅ ជាមេក្លោង តែងតែដើរធ្វើព្យុះភ្លៀង ដោយធានាអះអាងថាគ្មានអ្នកណាហ៊ានប៉ះពាល់កន្លែងល្បែងទាំងនោះឡើយ ដោយបុគ្គលឈ្មោះ ប៊ូ ម៉ៅ រូបនេះ ហ៊ានទាំងផ្តិតមេដើម្បីធានាអះអាងជាមួយម្ចាស់ផ្ទះ ការធានាអះអាងរបស់ មេក្លោងឈ្មោះ ប៊ូ ម៉ៅ រូបនេះកំពុងតែបង្វែរ ខួរក្បាលម្ចាស់ផ្ទះ (ម្ចាស់ទីតាំង) ឲ្យងប់លុងនិងរបរខុសច្បាប់១នេះ។
ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសង រីកដុះដាលដូចផ្សិត ខាងលើនេះ លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស កំពុងតែសម្ងំស្ងៀម និងគ្មានវិធានការទប់ស្កាត់ឬបង្ក្រាបសោះឡើយ ទោះបីជាកន្លងមកខាងសារព័ត៌មានរាយការណ៍ ផ្សាយព័ត៌មានជារឿយៗយ៉ាងណាក្តី ក៏លោកអធិការស្រុករូបនេះ នៅតែមិនបង្ក្រាប (នេះហាក់បីដូចជាមានការលាក់បាំង និងពាក់ព័ន្ធខ្លាំងមែនទែន ទើបមិនហ៊ានបង្ក្រាប)បែបនេះនោះ ។
ពលរដ្ឋជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាចាត់សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចុះពិនិត្យបង្ក្រាបទីតាំងល្បែងស៊ីសងខាងនេះផងទាន និងស្នើសុំឲ្យជួយងូតទឹកសិតសក់ ដុះក្អែលជូនដល់លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស ផង កុំឲ្យគាត់ស្ពឹកជាប់ត្រគៀក មិនហ៊ានចេញមុខមកបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបែបនេះ ៕