កណ្តាល៖ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន១២០០នាក់ ដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នាឱកាសនោះ លោក ឈឿន សុចិត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សទាំងអស់ ត្រៀមលក្ខណៈសម្បត្តិ ដូចជា៖ អត្តសញ្ញាណបណ្ណ ឯកសារលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោតនៅតាមការិយាល័យរបស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ នាថ្ងៃអាទិត្យ ទី០៥ ឆ្នាំ២០២២ ឲ្យបានគ្រប់គ្នា។
ជាមួយគ្នានោះដែរ លោកប្រធានក្រុមការងារចុះជួយសង្កាត់ដើមមៀនក៏បានឆ្លៀតរំលឹកពីគុណតម្លៃ របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើន កើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកបានបន្តថ្លែងថា ក្រៅតែពីលើកបង្ហាញ នូវសមិទ្ធផលធំៗរបស់ជាតិ ដែលសម្រេចបានហើយនោះ លោកក៏បានឆ្លៀតគូសរំលេច នូវសមិទ្ធផលដ៏ធំនាពេលថ្មីៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារ សុខភាពរបស់ប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ-១៩ ដោយរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយនាំឲ្យមានការវាយតម្លៃ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
សូមជម្រាបជូនថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕