(ភ្នំពេញ) ៖អ្នកនាង បូ ឡាឌី អគ្គនាយិកាក្រុមហ៊ុន LD បូឡាឌី ត្រេឌីង ខូអិលធីឌី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានលោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈនិងជេរប្រមាថជាសាធារណៈ» ទៅលើ អ្នកនាង គី ណាវីជេស៊ីកា ហៅ ណាវី ដែលជាដើមបណ្តឹងរដ្ឋប្បវេណី ។
យោងតាមសាលក្រមផ្តន្ទាទោស ដែល អង្គភាពសារព័ត៌មាន ទើបទទួលបាន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះ បានអោយដឹងថា អ្នកនាង បូ ឡាឌី ត្រូវបានតុលាការផ្តន្ទាទោស ពិន័យជាប្រាក់ចំនួន៥លានរៀល ដាក់ចូលថវិការដ្ឋ និង សងសំណងជំងឺដល់ដើមបណ្តឹងរដ្ឋប្បវេណី ចំនួន២៥លានរៀល បទល្មើសប្រព្រឹត្តក្នុងបណ្តាញសង្គម Facebook ក្នុងប្រទេសកម្ពុជា កាលពីអំឡុងថ្ងៃទី១០ , ថ្ងៃទី១១ , ថ្ងៃទី២១ និង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ តាមមាត្រា៣០៥និងមាត្រា៣០៧នៃក្រមព្រហ្មទណ្ឌ ។
អង្គហេតុដែលនាំអោយតុលាការផ្តន្ទាទោស នាពេលនេះ ក្រោយពី អ្នកនាង បូ ឡាឌី បាន Live តាមបណ្តាញសង្គម Facebook ឈ្មោះថា LD បូឡាឌី ត្រេឌីង ខូអិលធីឌី ដោយមានខ្លឹមសារជាច្រើន ដែលដើមបណ្តឹងរដ្ឋប្បវេណី ចាត់ទុកថា ជាការបទ «បរិហារកេរ្តិ៍ជាសាធារណៈនិងជេរប្រមាថជាសាធារណៈ» ដែលក្រោយមក ទើបតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជាផ្លូវការ តែម្តង ។
Facebook ឈ្មោះថា LD បូឡាឌី ត្រេឌីង ខូអិលធីឌី បានសរសេរ ថា ៖
បងប្អូនសូមជួយស្ដាប់ ផ្ញើរទៅ USA ជាពិសេស
ផ្ញើរជូនអ្នកជំពាកលុយខ្ញុំចំនួន $79804 ឈ្មោះ Navyy Ky នៅប្រទេសអាមេរិត USA ស្រុកកំណើតគាត់នៅខ្មែរនៅបាត់ដំបង
ហេតុអ្វីមិនតបឆាតខ្ញុំ ដាក់លុយសង់ខ្ញុំមកកុំធ្វើចឹងបង
ក្រៅពីសរសេរខ្លឹមសារបែបនេះ គឺ អ្នកនាង បូ ឡាឌី បាននិយាយជាច្រើនទៀតដែលធ្វើអោយប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ ដើមបណ្តឹងរដ្ឋប្បវេណី ទើប ដើមបណ្ដឹង ដាក់ពាក្យបណ្តឹង ប្តឹង អ្នកនាង បូ ឡាឌី តែម្តង ។
ពាក់ព័ន្ធបញ្ហានេះ អង្គភាពសារព័ត៌មាន បានទំនាក់ទំនងទៅកាន់ក្រុមហ៊ុន LD បូឡាឌី ត្រេឌីង ខូអិលធីឌី តែត្រូវបាន បុគ្គលិក ប្រាប់ថា អ្នកនាង បូ ឡាឌី កំពុងនៅប្រទេសកូរ៉េ ។
ទោះបីយ៉ាងណា អង្គភាពសារព័ត៌មាន យើងខ្ញុំរង់ចាំការបំភ្លឺបកស្រាយវិញ ពីអ្នកនាង បូ ឡាឌី ប្រសិនបើមានការស្នើសុំមកខាងសារព័ត៌មាន ៕