(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជូនខ្លួនបុរសម្នាក់ឈ្មោះ នូវ ចន្ទ័មង្គល អាយុ៣០ឆ្នាំ ទៅកាន់សាលាដំបូងេជធានីភ្នំពេញ បន្ទាប់ពីត្រូវចាប់ខ្លួនតាមអំណាចដីការបស់ចៅក្រមស៊ើបសួរ។
បើយោងតាមខ្លឹមសារដីកាបានបញ្ជាក់ថា យើងចៅក្រមស៊ើបសួរ បានឃើញសំណុំរឿងបញ្ជូនឱ្យស៊ើបសួរ របស់តំណាងអយ្យការអមសលាដំបូងរាជធានីភ្នំពេញ លេខ(៤៥២១)ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ដែលទក់ទងនឹងឈ្មោះ នូវ ចន្ទ័មង្គល ភេទប្រុស កើតថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩២ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ H5 ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ ជានីតិជន។
ជនត្រូវចោទរូបនេះ ត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ “មិនបំពេញការតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ប្រព្រិត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៨។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី “ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងសាច់ប្រាក់។
ក្នុងខ្លឹមសារដីកាបានបញ្ជាក់ទៀតថា ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីចៅក្រមស៊ើបសួចេញដីកាបង្គាប់ឱ្យនាំខ្លួនលើជនត្រូវចោទខាងលើនេះ មកចំពោះមុខចៅក្រមស៊ើបសួរ តាមនីតិវិធីដើម្បីមកឆ្លើយចំពោះការពិត។
រហូតមកដល់ពេលវេលានេះ ជនជាប់ចោទកំពុងស្ថិតក្នុងចំណាត់ការនីតិវិធីរបស់ចៅក្រមស៊ើបសួរ។