នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្ដម ឡោក ឆាយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ តំណាង ឯកឧត្ដម អ៊ុំ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌ បានដឹកនាំក្រុមគ្រូទេព្យស្ម័គ្រចិត្តមកពីប្រទេសបារាំង តបតាមសំណូមពររបស់លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ធ្វើការចុះពិនិត្យសុខភាព និងបើកថ្នាំជូនប្រជាពលរដ្ឋដោយមិនយកថវិកា នៅក្នុងមូលដ្ឋានសង្កាត់ព្រែកលៀប ចំនួន ១១២ នាក់។
ដែលកម្មវិធីនេះបានរៀបចំ និងសម្របសម្រួលដោយក្រុមប្រឹក្សាសង្កាត់ និងសហភាពសព័ន្ធយុវជនកម្ពជាសង្កាត់ព្រែកលៀប ព្រមទាំងប្រជាការពារសង្កាត់ ស្ថិតក្នុងបរិវេណនៃសាលាបឋមសិក្សាខ្ទរ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឳកាសនោះដែល ឯកឧត្ដម ឡោក ឆាយ បានមានប្រសាសន៍ផ្ដាំងផ្ញើ និងថ្លែងអរគុណជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលលោកបានអញ្ជើញមកពិនិត្យ ក៏ដូចជាគាំទ្រ ជឿជាក់លើអាជ្ញាធរមូលដ្ឋានសង្កាត់ ព្រមទាំងបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋចេះស្រឡាញ់ និងថែមរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីបន្តរស់ជាមួយកូនចៅ សាច់ញាតិ និងមើលការរីកចម្រើននៃប្រទេសជាតិបន្តទៅមុខទៀត។
ជាមួយនោះដែរ ឯកឧត្ដម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរសង្កាត់ និងសហភាពព័ន្ធយុវជនកម្ពុជាសង្កាត់ព្រែកលៀប ដែលតែងយកចិត្តទុកដាក់បញ្ហាសុខទុក្ខប្រជាពលរដ្ឋ និងតែងសហការបានយ៉ាងល្អជាមួយក្រុមការងារទេព្យស្ម័គ្រចិត្តនានា ដែលតែងមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយមិនយកថវិកា នាពេលកន្លងមក ក៏ដូចជានាពេលនេះ។
និងបានផ្ដាំផ្ញើដល់ប្អូនៗយុវជននាឱកាសនោះ ឱ្យខិតខំបង្កើតសមត្ថភាព ចំណេះដឹង និងរៀនសូត្រពីវីរៈភាព និងបទពិសោធន៍ការងារពីលោកអ៊ំ ពូ មីង ជាថ្នាក់ដឹកនាំមូលដ្ឋានចាស់ៗ ក៏ដូចជាប្រឹងប្រែងជូយការងារមូលដ្ឋានដើម្បីអាចក្លាយជាយុវជនបន្តវេន្តដ៏មានសក្ដានុពលនាថ្ងៃអនាគត់។