(ភ្នំពេញ ) : បន្ទាប់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុកអំពីការប្រឡាក់ផ្លូវរួចមក លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាឱ្យលោក សែម ដារិន្ទ លោក ឃន សុជាតិ លោក ផៃ សុវុឌ្ឍវឌ្ឍនៈ អភិបាលរងខណ្ឌដឹកនាំក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ សហការជាមួយក្រុមហ៊ុនOCIC ចុះបាញ់លាងសម្អាតផ្លូវជាតិលេខ៦ ចាប់ពីចំណុចគល់ស្ពានទី៧រហូតដល់ស្ពានទី១២ ក្នុងភូមិសាស្ត្រសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នខណ្ឌជ្រោយចង្វារបាននិងកំពុងមានការអភិវឌ្ឍ និងរីកចម្រេីនខ្លាំង ជាពិសេសវិស័យអចលនទ្រព្យផ្នែកសំណង់បុរី អគារខ្ពស់ៗ ។ល។ ជាមួយគ្នានេះភូមិសាស្ត្រខណ្ឌជ្រោយចង្វារក៏ជាតំបន់ទំនាបផងដែរ ដែលតម្រូវឱ្យមានការបូមខ្សាច់ ដឹកខ្សាច់ ដឹកដី ដេីម្បីចាក់បំពេញតំបន់ទំនាបទាំងនោះ ទេីបអាចធ្វេីការសាងសង់ ឬអភិវឌ្ឍន៍បាន។
បេីទោះបីមានតម្រូវការខ្សាច់និងដីសម្រាប់ចាក់បំពេញការដ្ឋានក៏ដោយ ក៏រដ្ឋបាលខណ្ឌមិនបណ្តោយឱ្យមានការដឹកដី ដឹកខ្សាច់យ៉ាងអនាធិបតេយ្យ មិនគោរពតាមគោលការណ៍ដែលមានចែងនៅក្នុងលិខិតអនុញ្ញាតឡេីយ ដូចនេះម្ចាស់អាជីវកម្មដេប៉ូខ្សាច់ទាំងអស់ត្រូវចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់ ស្របតាមខ្លឹមសារនៃលិខិតអនុញ្ញាត និងការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វេីចរាចរឆ្លងកាត់ផ្លូវជាតិ៦ចំណុចខាងលេី សូមមេត្តាយោគយល់អាធ្យាស្រ័យចំពោះការរំខានក្នុងការធ្វេីដំណេីរ៕