ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមនឹងឯកឧត្តម អស់លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានអង្គភាព នៃក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋគុយបា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូប្រទេសគុយបា ដែលបានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងគុយបា ព្រមទាំងពង្រីកកិច្ចសហការក្នុងវិស័យផ្សេងៗ បន្ទាប់ពីប្រទេសទាំងពីរលើសំខាន់ៗ កាលពីពេលកន្លងទៅថ្មីៗនេះ ។
ឯកឧត្តម ស សុខា បានបន្តទៀតថា រយៈពេល ៦២ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងគុយបា មានលក្ខណៈស្ថេរភាព ជាពិសេសនយោបាយ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ប្រទេសទាំងពីរ បន្តដាក់ស្ថានទូត ទៅវិញទៅមក ។ ក្នុងនោះផងដែរ ប្រជាពលរដ្ឋកម្ពុជា ចាំមិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបា បានជួយដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាក ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម ស សុខា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំទៅកាន់ភាគីគុយបា មួយចំនួនដូចខាងក្រោម ៖
១. នៅសល់មិនដល់ ២០០ថ្ងៃទៀតទេ កម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមហើយ ។ កម្ពុជាដាក់ផែនការយកមេដាយសរុបពាក់កណ្ដាលតារាងនៃប្រទេសជាសមាជិកក្នុងតំបន់អាស៊ាន។ ដូច្នេះស្នើឲ្យប្រទេសគុយបា ជួយជំរុញ និងគាំទ្រលើគ្រប់រូបភាពសម្រាប់វិស័យកីឡានៅកម្ពុជា និងជួយការងារបន្ទាន់មួយចំនួនមុនស៊ីហ្គេម២០២៣ តាមអាចធ្វើទៅបាន។
២. ដូចមានក្នុងលទ្ធផលកិច្ចប្រជុំរវាងក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានជាតិកីឡា អប់រំកាយ និងការលេងកម្សាន្ត នៃសាធារណរដ្ឋគុយបា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ សូមស្នើគុយបា ពន្លឿនការងារជួយរៀបចំមជ្ឈមណ្ឌលកីឡាករកម្ពុជា ប្រហាក់ប្រហែលគុយបា និងជួយបញ្ជូនមន្ត្រីមករៀបចំមុនការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ ។
៣. សូមស្នើសុំអាហារូបករណ៍បន្ថែម តាមដែលរដ្ឋាភិបាលគុយបា អាចផ្ដល់ជូនបានសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រកីឡា និងវិស័យអប់រំ ដូចដែលធ្លាប់ផ្ដល់ជូនដល់កម្ពុជា នាពេលកន្លងមកដែរ ។ ហើយមុខវិជ្ជាវិទ្យាសាស្ត្រកីឡា គឺជាអាទិភាព និងចាំបាច់បំផុតមួយ សម្រាប់កម្ពុជាដើម្បីអភិវឌ្ឍឱ្យស្មើមុខស្មើមាត់ក្នុងតំបន់ អាស៊ី និងអន្តរជាតិ ។
៤. តាមដឹងមកប្រទេសគុយបា មានប្រភេទកីឡាខ្លាំងៗរបស់ខ្លួនដូចជា ៖ បេសស្បល ប្រដាល់សកល បាល់ទះ ចំបាប់ បាល់បោះ និងទូកក្ដោង ជាដើម។ ស្នើឱ្យគុយបា ជួយពង្រឹងបន្ថែមលើវិស័យកីឡា ដែលជាភាពខ្លាំងរបស់គុយបា ដល់កម្ពុជា នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ។
ទាក់ទងនឹងវិស័យបាល់ទះនៅកម្ពុជា ជាពិសេសការប្រកួតបាល់ទះមិត្តភាព រវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុមបាល់ទះជម្រើសជាតិគុយបា នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា បានស្នើទៅកាន់ភាគីគុយបា ៖
១. ស្នើក្រុមជម្រើសជាតិគុយបា ប្រកួតឱ្យអស់សមត្ថភាព មិនបាច់លាក់ជើងទុក ឬទុកមុខអ្វីទេ ព្រោះបើទុកមុខមាត់សម្រាប់ការប្រកួតមិត្តភាពនេះ នោះយើងនឹងអាម៉ាស់នៅថ្ងៃប្រកួតស៊ីហ្គេម ជាមិនខាន។ ដូច្នេះសូមប្រកួតអស់ពីចិត្ត និងអស់ពីសមត្ថភាព ដើម្បីឱ្យក្រុមកីឡាករបាល់ទះរបស់កម្ពុជា ដឹងអំពីចំណុចខ្សោយយកទៅអភិវឌ្ឍខ្លួនបន្ថែម ។
២. សូមស្នើដល់ប្រតិភូគុយបា សុំអញ្ជើញក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ច និងឈ្វេងយល់ពីការហ្វឹកហាត់ និងការអភិវឌ្ឍវិស័យបាល់ទះនៅប្រទេសគុយបា នាថ្ងៃណាមួយ ។
៣. ស្នើបន្តកិច្ចសហប្រតិបត្តិការ ឬក៏ទំនាក់ទំនងជិតស្និទ្ធបន្ថែម រវាងសហព័ន្ធកីឡា បាល់ទះ នៃប្រទេសទាំងពីរកម្ពុជា-គុយបា ។
៤. ដោយឡែកសម្រាប់វិញ្ញាសាកម្ពុជា ដាក់ផែនការយកឈ្នះមេដាយមាស នៅក្នុងព្រឹត្តិការណ៍តំបន់អាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីទើបនឹងឈ្នះមេដាយសំរឹទ្ធ ជាប្រវត្តិសាស្ត្រលើកដំបូងក្នុងព្រឹត្តិការណ៍នេះ កាលឆ្នាំមុននៅប្រទេសវៀតណាម។ ដូច្នេះខ្ញុំស្នើឱ្យក្រុមជម្រើសជាតិគុយបា ចែករំលែកបទពិសោធខ្លះៗ បន្ទាប់ពីការប្រកួតមិត្តភាពល្ងាចនេះរួច៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សែត លីណា