(ភ្នំពេញ) ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញស្តីពី ការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងខ្នះខ្នែង ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការពន្លឿនវឌ្ឍនភាពការងារ និងត្រៀមខ្លួនរៀបចំការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ស្នងការនគរបាល ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងសហព័ន្ធ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះ ចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លើទីតាំង ៥រាជធានី ខេត្ត ដូចជា ៖ រាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ។ ចំពោះប្រភេទកីឡាដែលដាក់ឲ្យប្រកួតប្រជែង មាន ៣៨ប្រភេទ ស្មើនឹង ៣៥៦វិញ្ញាសា ។ ចំណែកប្រភេទកីឡាប៉ារ៉ាអូឡាំពិក ចំនួន ៧ មានវិញ្ញាសា ចំនួន ៤៩ ។ ក្នុងនោះប្រតិភូកីឡា កីឡាករ កីឡាការិនី អញ្ជើញចូលរួមចំនួន ៥ ០៤៩នាក់ មកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជធានី ខេត្តទាំង២៥ ។
សូមបញ្ជាក់ផងដែរថា ចំពោះពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត