គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សមាគម IPA ជូនដំណឹងដល់ម្ចាស់ផេកឈ្មោះថា “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” និងសាធារណជនទាំងអស់

(ភ្នំពេញ) ៖ នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានធ្វើការបង្ហោះសារប្រកាសជូនដំណឹងដល់ម្ចាស់ផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” និងសាធារណជនទាំងអស់ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមគោរពជម្រាបជូនដល់បងប្អូនសាធារណជនទាំងអស់មេត្តាជ្រាបថា ៖ ថ្មីៗនេះមានផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” ដែលប្រើឈ្មោះស្រដៀងនឹងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងបានយកស្លាកសញ្ញា (Logo) របស់សមាគម ដាក់ធ្វើជាប្រូហ្វាល់ ដោយគ្មានការអនុញ្ញាត ។ ការណ៍នេះបណ្តាឲ្យសាធារណជន ក៏ដូចជាសមាជិក សមាជិការបស់សមាគមមួយចំនួន មានការភាន់ច្រឡំ។

សូមបញ្ជាក់ជូនថា ចាប់តាំងពីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទទួលបានអាជ្ញាប័ណ្ណផ្លូវការពីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន សមាគម ពុំទាន់មានគោលការណ៍ និងមិនបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ ឬសមាជិក សមាជិកាណាម្នាក់ មានសិទ្ធិបង្កើតគណនី ឬផេកហ្វេសប៊ុក(Facebook) ដោយប្រើនូវឈ្មោះ និងស្លាកសញ្ញា (Logo) របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ឡើយ។

ក្នុងន័យនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមប្រកាសបដិសេធទាំងស្រុងចំពោះផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” គឺមិនមែនជាផេករបស់សមាគមឡើយ ទោះបីផេកនេះ មានឈ្មោះស្រដៀង និងបានប្រើស្លាកសញ្ញារបស់សមាគម ក៏ដោយ ។ ជាមួយគ្នានេះ សមាគម មិនទទួលខុសត្រូវឡើយក្នុងករណីណាមួយ ដែលផេកនេះពាក់ព័ន្ធជាមួយសាធារណជន ឬបានប្រព្រឹត្តខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្នើដល់អ្នកបង្កើត និងអ្នកដែលប្រើប្រាស់ផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” សូមបញ្ឈប់ការយក និងដកស្លាកសញ្ញា (Logo) របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចាប់ពីពេលជូនដំណឹងនេះតទៅ ។ ក្នុងករណីផេកនេះនៅតែបន្តយកស្លាកសញ្ញា (Logo) របស់សមាគមទៅប្រើប្រាស់ទៀត សមាគមនឹងដាក់បណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមគោរពជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបដែរថា បច្ចុប្បន្ននេះ សមាគម មានផេកផ្លូវការតែមួយប៉ុណ្ណោះ ដែលមានឈ្មោះថា “សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA” ក្រៅពីនេះពុំមែនជារបស់សមាគមឡើយ។

សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាពិសេសម្ចាស់ផេកឈ្មោះ “សម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តតាកែវ” មេត្តាជ្រាបជាព័ត៌មាន៕
…………….
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២

Previous Post Next Post