ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានទទួលបន្ទុកក្តាប់រួមក្នុងការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីសន្និសីទសារព័ត៌មាន និងការចាប់ពូលការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ នៅអគារ The Kampus ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១២ មក សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពានរង្វាន់ Soccer League នេះ ចំនួន ៥លើកហើយ ។ ក្នុងនោះលើកទី១ នៅឆ្នាំ២០១២ យើងមានក្រុមកីឡាករ ចូលរួមប្រកួតត្រឹមតែ ២០ក្រុមប៉ុណ្ណោះ។ ចំណែកនៅលើកទី៦ ឆ្នាំ២០២៣ នេះ ប្រាក់រង្វាន់ក៏មានការកើនឡើង ចំនួនក្រុម ក៏មានការកើនឡើងរហូតដល់ ៧៤ក្រុម ហើយអ្វីដែលមានភាពខុសប្លែកជាងឆ្នាំមុនៗនោះគឺក្នុងចំណោមក្រុមកីឡាទាំង ៧៤ក្រុមនេះ មានក្រុមកីឡានារី ចំនួន ១០ក្រុមផងដែរ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League នេះឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយដល់វិស័យកីឡាបាល់ទាត់នៅកម្ពុជា និងដើម្បីពង្រឹងយុវជនឱ្យមានស្មារតីមិត្តភាព និងសាមគ្គីភាព មានសុខភាពល្អ កម្លាំងកាយមាំមួន ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ មានថាមពលខ្លាំងក្លារួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ជាការប្រកួតក្នុងមហាគ្រួសារយុវជន ពិសេសការទទួលបានបទពិសោធន៍ឆ្ពោះទោកាន់កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងធ្វើឱ្យកម្ពុជាយើងទទួលបានមេដាយកាន់តែច្រើនថែមទៀត។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះជាមួយនឹងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យនានា មានការរីកចម្រើនលូតលាស់ វិស័យកីឡានៅកម្ពុជា ក៏មានការរីកចម្រើនទៅមុខ គួរឱ្យកត់សម្គាល់ផងដែរ ។ ជាក់ស្ដែងកីឡាកររបស់យើង ដែលចេញទៅប្រកួតនៅក្រៅប្រទេស តែងទទួលបានមេដាយត្រឡប់មកវិញ និងទទួលបានការគាំទ្រយ៉ាងអធិកអធមពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជាប្រជាជនកម្ពុជាយើងទូទាំងប្រទេស សមដូចពាក្យមួយឃ្លាតែងនិយាយថា «កម្ពុជាអាចធ្វើបាន» ឈរលើស្មារតី «កីឡារស់ក្នុងសន្តិភាព» និង «កីឡាផ្សារភ្ជាប់ធនធានធម្មជាតិ សហគមន៍ និងទឹកដី» អោយក្លាយជាចលនាកីឡាជាតិដ៏រស់រវើកសម្រាប់យុវជន និងប្រជាជនអនុវត្តខ្លួនឯង «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ»។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានផ្តាំផ្ញើដល់ក្រុមកីឡា កីឡាករ កីឡាការិនីទាំងអស់ ដែលចូលរួមក្នុងការប្រកួតពានរង្វាន់ Soccer League ដូចខាងក្រោម ៖
១. សូមក្រុមកីឡាទាំងអស់ បានអានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងនៃដំណើរការប្រកួតគ្រប់ៗគ្នា។
២. សូមឱ្យក្រុមទាំងអស់ គោរពតាមបទបញ្ជាផ្ទៃក្នុងនៃការប្រកួត។
៣. សូមគោរព និងអនុវត្តតាមការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល គោរព និងឱ្យតម្លៃរាល់ការអញ្ជើញ និងការសម្រេចចិត្តរបស់អជ្ញាកណ្ដាល។
៤. សូមអោយមានការយោគយល់នូវកំហុសឆ្គងដោយយថាហេតុ និងអចេតនារបស់អជ្ញាកណ្ដាល ព្រោះយើងពុំទាន់មានបច្ចេកទេសថតរូបភាពទំនើបដូចប្រទេសគេនៅឡើយ។
៥. សូមក្រុមនីមួយៗរក្សាសាមគ្គីភាព សេចក្តីថ្លៃថ្នូរ ស្មោះត្រង់ និងភាពយុត្តិធម៌ក្នុងការប្រកួត(Fair Play)។
៦. សូមក្រុមទាំងអស់ បើកចិត្តឱ្យទូលាយក្នុងការប្រកួត គឺមិនមែនប្រកួតយកឈ្នះចាញ់ ដើម្បីតែទឹកប្រាក់ និងពានជើងឯកនោះទេ៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត