(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវជាប្ដីប្រពន្ធនិងគ្នា ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ.ពាក់ព័ន្ធករណីឃាតកម្ម លើបុរសម្នាក់ កាលជាង១ខែមុន ចុងឆ្នាំ២០២២។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។
ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ។
បានសហការជាមួយលោក វរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យ នគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។
ជនសង្ស័យទាំង២នាក់
ទី១៖ ឈ្មោះ ពេជ្យ ជីវ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ជាប្ដី ។
២៖ ឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធ ។
មន្រ្តីជំនាញបានឲ្យដឹងថាៈ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថាៈ ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារតែ ការប្រច័ន្ទ ព្រោះមានការទំនាក់ទំនងគ្នាជាមួយ ជនរងគ្រោះដែលខ្លួនកាប់សម្លាប់ ដូច្នេះក៏រៀបគម្រាងសម្លាប់តែម្ដង។
គួរបញ្ជាក់ផងដែរ កាលពីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថាៈ សពជនរងគ្រោះជាអំពើឃាតកម្មដោយជនសង្ស័យកាប់ចំកំភួនជើង ខាងស្តាំ និងក្បាលពីលើ ។
ហើយកាប់ចំកបណ្តាលឲ្យដាច់ សពជនរងគ្រោះខាងលើ សមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នៈ ជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន ។
រួចប្រគល់ជូនទៅកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
Tags:
សន្តិសុខសង្គម