(ភ្នំពេញ) ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមប្រធានទទួលបន្ទុកការងារគ្រប់គ្រងដឹកនាំរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ បានគូសបញ្ជាក់តាមរយៈរបាយការណ៍របស់ខ្លួនថា លទ្ធផលដែលសម្រេចបានជោគជ័យក្នុងការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ នេះ កើតចេញពីការដឹកនាំ ចង្អុលបង្ហាញជាប្រចាំពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីរបស់គណៈកម្មការប្រត្តិបត្តិ ក៏ដូចជាអនុគណៈកម្មការទាំងអស់ ដែលបានបំពេញភារកិច្ចតាមតួនាទី របស់ខ្លួនយ៉ាងសកម្មក្នុងការរៀបចំដំណើរការប្រកួត ចាប់តាំងពីថ្ងៃទទួលពាក្យរហូតដល់ថ្ងៃបិទការប្រកួត អោយប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់បែបនេះនៅក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នាកីឡដ្ឋានស្មាត អ អេស អិន។
បើតាមរបាយការណ៍ដដែល ឯកឧត្តម ស សុខា ក្នុងនាមគណៈកម្មការរៀបចំការប្រកួត ក៏បានគូសបញ្ជាក់ដែរថា នឹងធ្វើការពិនិត្យ និងវាយតម្លៃរាល់ចំណុចខ្វះខាត និងបញ្ហាប្រឈមនានាដែលកើតឡើងក្នុងកំឡុងពេលប្រកួត ដើម្បីធ្វើការកែលម្អយ៉ាងណាឲ្យការប្រកួតលើកក្រោយៗទៀត កាន់តែមានភាពរលូន សុក្រឹត្យ និងទទួលបានជោគជ័យបន្ថែមទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា ក៏បានថ្លែងអំណរដល់សមាគម ក្លិប គ្រឹះស្ថានឧត្តមសិក្សា អង្គការ ដែលបានចុះឈ្មោះចូលរួមក្នុងការប្រកួតដណ្ដើមពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ជាពិសេសបណ្តាក្រុមហ៊ុនម្ចាស់ Sponsor ទាំង អស់ ដែលតែងតែយកចិត្តទុកដាក់ផ្តល់ និងគាំទ្ររាល់សកម្មភាពរបស់គណៈកម្មការរៀបចំការប្រកួត៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត