(ភ្នំពេញ ) ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ ចំនួន ១០ចំណុច ទៅកាន់អគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទ នៃក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិក ដែលក្នុងនោះសម្រាប់អគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទ រួមមាន ៖ ទី១. ស៊ីហ្គេមលើកនេះ មិនមែនជាគោលដៅបញ្ចប់ក្នុងការលើកកម្ពស់អនុ វិស័យអប់រំកាយ និងកីឡានោះទេ ទី២. ត្រូវមានសាមគ្គីភាពក្នុងការងារ ពោលគឺរួមគិត រួមធ្វើ រួមគ្នាទទួលខុសត្រូវ ទី៣. ទប់ស្កាត់អោយបាននូវទំនាស់ផលប្រយោជន៍ និងទី៤. បន្តអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ(AP) របស់អង្គភាពសាមីនីមួយៗ និងទី៥. សហការការងារក្នុងកម្រិតបច្ចេកទេសជាមួយនឹង CAMSOK ។
ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏បានផ្តល់អនុសាសន៍ ចំនួន ២ចំណុច ដល់សហព័ន្ធកីឡាជាតិ រួមមាន ៖ ទី១. សូមឲ្យសហព័ន្ធទាំងអស់ អនុវត្តការប្រើប្រាស់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ជូន ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ទី២. បន្តអភិវឌ្ឍកម្រិតបច្ចេកទេសប្រភេទកីឡារបស់ខ្លួនឱ្យបានប្រសើរជាងមុន ព្រោះថាស៊ីហ្គេមឆ្នាំនេះ មិនមែនជាគោលដៅដែលយើងត្រូវបញ្ចប់នោះទេ។
ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា ក៏បានផ្ដល់ជូននូវក្រមសីលធម៌ ចំនួន ៣ចំណុច ចំពោះអត្តពលិក ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម រួមមាន ៖ ទី១. ត្រូវគោរពវិន័យ សេចក្ដីថ្លៃថ្នូរ សាមគ្គីភាព មិត្តភាព ក្នុងនាមជាអគ្គពលិកម្ចាស់ផ្ទះ ទី២. ត្រូវប្រកាន់ខ្ជាប់នូវបទបញ្ជាការប្រកួតប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត សមត្ថភាព យុត្តិធម៌ ស្អាតស្អំ សុច្ចរិតក្នុងការដណ្តើមមេដាយជូនជាតិ និងទី៣. មិនត្រូវប្រើប្រាស់សារធាតុដែលហាមឃាត់ដោយ WADA ។
ការផ្តល់អនុសាសន៍របស់ឯកឧត្តម ស សុខា ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ កំពុងហាត់ហ្វឹកហ្វឺនត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកីឡា ក៏ដូចជាអង្គភាពក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងល្អប្រសើរ រហូតទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា ដែលដើរស្របទៅនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រ និងកំណែទម្រង់ស៊ីជំរៅវិស័យអប់រំកាយ និងកីឡា ក្នុងនោះបាននាំមកជាលទ្ធផលកិត្យានុភាពជាតិទាំងនៅក្នុងកម្រិតពិភពលោក កម្រិតទ្វីប និងកម្រិតតំបន់ ជាពិសេសការណ៍ទាំងនេះ ក៏បានក្លាយជាចំណាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ចូលរួមលេងកីឡា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន “ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាយ៉ាងតិច មួយប្រភេទកីឡាប្រចាំជីវិត”។
ជាមួយគ្នានោះឯកឧត្តម ស សុខា ក៏បានសម្តែងនូវការកោតសរសើរជាខ្លាំងផងដែរ ដែលថ្មីៗនេះ អគ្គនាយកដ្ឋានកីឡា និងសហព័ន្ធកីឡាជាតិមួយចំនួន បានសហការជាមួយគណៈកម្មការរៀបចំអង្គរសង្ក្រាន្ត ក្នុងការរៀបចំភូមិកីឡាស៊ីហ្គេម និងអាស៊ានប៉ារាហ្គេម។ អ្វីៗទាំងអស់នេះ យើងបានមកពីមូលដ្ឋានដែលជាសត្យានុម័ត គឺសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និង ឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល បាននាំមកនូវការបង្រួបបង្រួមជាតិ និងសុខសន្តិភាពពេញលេញជូនប្រជាជាតិទាំងមូល ដែលជាហេតុនាំឲ្យសេដ្ឋកិច្ច មានការរីកចម្រើន មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសរាជរដ្ឋាភិបាល បានលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមអនុវិស័យអប់រំកាយ និងកីឡា ក្នុងនោះរាជដ្ឋាភិបាល បានដាក់ទុកជាច្រើន ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ដើម្បីពន្លឿនការអភិវឌ្ឍ ដែលមកដល់ឆ្នាំនេះ ប្រទេសកម្ពុជារបស់យើង មានភាពស័ក្តិសម និងគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះមហាព្រឹត្តិការណ៍កីឡាក្នុងតំបន់ គឺ SEA Games ៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត