(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចេញសារតាមផ្លូវការរបស់ខ្លួន អបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ។
នៅក្នុងសាររបស់ឯកឧត្តម ស សុខា បានលើកឡើងអំពីប្រវត្តិនៃការបង្កើតនគរបាលជាតិ យ៉ាងដូច្នេះថា ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ គឺជាថ្ងៃចាប់បដិសន្ធិអង្គប្រតិបត្តិច្បាប់ ក្រោមស្នាព្រះហស្តរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ត្រូវបានប្រសិទ្ធនាមថា “នគរបាលជាតិ” ដែលមានតួនាទីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ហើយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៣)។
សារដដែលរបស់ឯកឧត្តម ស សុខា បានបន្តថា ក្នុងទិវាដ៏វិសេសវិសាល និងប្រកបដោយសិរីមង្គលនេះ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងគោរពស្ញប់ស្ញែងចំពោះគុណូបការៈដ៏ធំធេង ដែលបុព្វបុរសជំនាន់មុន រួមទាំងនិវត្តន៍ជននគរបាលជាតិគ្រប់ជំនាន់ បានតស៊ូប្រកបដោយវីរភាពអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ មិនគិតពីសេចក្តីសុខ និងអាយុជីវិតរបស់ខ្លួន កសាងនូវសមិទ្ធផលស្នាដៃជាច្រើនរាប់មិនអស់ ដើម្បីបុព្វហេតុសន្តិសុខមាតុភូមិ ។ សកម្មភាពប្រកបដោយឧត្តមគតិទាំងនោះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីមនសិការស្នេហាជាតិ ដែលគំរូវីរភាពដ៏ឧត្តុង្គឧត្តមនេះ បានក្លាយជាមេរៀន ជាបទពិសោធន៍ បន្សល់ទុកឲ្យកងកម្លាំងនគរបាលជាតិ ជំនាន់ក្រោយ បន្តយកទៅរៀនសូត្រ និងអនុវត្តតាម សំដៅលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងជាមូលដ្ឋានក្នុងការអភិវឌ្ឍអង្គភាព និងសមត្ថភាពផ្ទាល់ខ្លួន។
ក្នុងនាមពលរដ្ឋខ្មែរមួយរូប ឯកឧត្តម ស សុខា បានសម្តែងនូវការគោរពកោតសរសើរចំពោះវីរភាព និងការលះបង់យ៉ាងធំធេងប្រកបដោយស្មារតីស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិ រៀមច្បងគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។
ឯកឧត្តម ស សុខា បានបន្តទៀតថា ឋិតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕