(បាត់ដំបង) ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ៖ តាមរយៈនយោបាយឈ្នះ ឈ្នះ រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមិត្តភាព-សន្តិភាព មិត្តភាព-សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឯកឧត្តម ស សុខា ថ្លែងបែបនេះក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២០០គ្រួសារ ក្នុងស្រុកកំរៀង នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ស សុខា ថ្លែងបន្តថា ជាក់ស្តែងនៅស្រុកកំរៀង ខេត្តបាត់ដំបង ពីតំបន់ជម្លោះប្រដាប់អាវុធ អស្ថិរភាព មកជាតំបន់មានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍរីកចម្រើនជាមួយនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា នៅខេត្តបាត់ដំបងនេះ អត្រាជនរងគ្រោះបាត់បង់ជីវិតដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៃសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួនសរុបជាង ១ម៉ឺន ៥ពាន់នាក់ បើគិតជាអត្រាគ្រោះថ្នាក់ទូទាំងប្រទេស ស្មើនឹង ២៤-២៥% បើសិនគិតចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០២២។
ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ដែរថា ក្រោយសង្គ្រាមបញ្ចប់ និងរហូតមកដល់បច្ចុប្បន្ននេះ ក៏ស្រុកកំរៀង ក៏ដូចជាតំបន់មួយចំនួនទៀតនៅទូទាំងប្រទេស នៅតែប្រឈមនឹងគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឡើយ បើទោះបីជាកន្លងមករាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន រួមនឹងអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធនឹងវិស័យមីន បានខិតខំបោសសម្អាតនិងកម្ទេចចោលក្តី។ យ៉ាងណាក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធនាពេលកន្លងមក បានចូលរួមចំណែករំដោះផ្ទៃដីសម្រាប់កសិកម្ម បានរាប់ពាន់ហិកតាជូនប្រជាប្រជាពលរដ្ឋធ្វើស្រែចម្ការ ក៏ដូចជាដាំដំណាំរួមផ្សំផ្សេងៗ។
ឯកឧត្តម ស សុខា មានជំនឿជឿជាក់ថា យើងទាំងអស់គ្នារំពឹងថា គ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នឹងលែងជាបញ្ហាចោទទៀតហើយសម្រាប់កម្ពុជា ព្រោះរាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំគ្មានគ្រាប់មីន តាមរយៈការបន្តអនុវត្ត “យន្តការភូមិអស់មីន”៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត