(ខេត្តមណ្ឌលគិរី) ÷ ផ្អើលពេញខេត្តមណ្ឌលគិរីករណីលោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បើករថយន្តបុកក្មេងអាយុ៥ឆ្នាំម្នាក់ស្លាប់។ អ្វីដែលគេចាប់អារម្មណ៍នោះគឺលោកប្រធានមន្ទីរមិននៅដោះស្រាយបញ្ហានៅហ្នឹងកន្លែងកើតហេតុទេ ប៉ុន្តែបែរជាព្យាយាមជម្លៀសគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
យ៉ាងណា ក៏ដោយតាមរយៈភិនភាគរថយន្តនិងស្លាកលេខ អ្នកក្រុងសែនមនោរម្យបានឲ្យដឹងថា គឺជារថយន្តលោកយន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ។
មន្ត្រីនគរបាលស្រុកអូររាំងបានឲ្យដឹងថា នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ លោកយន់ សារោម បានធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ក្នុងគោលដៅទៅពិនិត្យមើលផ្លូវដែលបាក់ស្រុតនៅចំណុចអូរងើយ ក្នុងស្រុកអូរាំងនិងមើលដំណើរការនៃការឈូសឆាយធ្វើផ្លូវវាងដើម្បីអាចឲ្យរថយន្តធ្វើដំណើរបណ្ដោះអាសន្នសិន។
អ្នកភូមិនៅទីនោះនិយាយថា ក្មេងប្រុស អាយុ៥ឆ្នាំ កំពុងលេងលើចិញ្ចើមផ្លូវ ក៏ត្រូវរថយន្តលោកយន់ សារោម បើកបំបុកហើយជ្រុលចង្កូតទៅបុករថយន្ត កាមារីស្វិត១គ្រឿងទៀត។ អ្នកភូមិនិយាយថា អ្នកបើកបររថយន្តពាក់ស្លាកលេខរដ្ឋនោះទំនងជាងងុយដេក។
ក្មេងប្រុសឈ្មោះ ជីង អាន អាយុ៥ឆ្នាំ រស់នៅជាមួយឪពុកម្ដាយក្នុងក្រុមពូទ្រង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្រោយពីកើតហេតុលោកយន់ សារ៉ោម ដែលជាអ្នកបើកបររថយន្តបង្កហេតុផ្ទាល់មិនបាននៅសួរនាំហេតុផលឬ ជួបឪពុកម្ដាយក្មេងរងគ្រោះនោះឡើយ។
ផ្ទុយទៅវិញលោកបានព្យាយាមជម្លៀសខ្លួនចេញពីទីកើតហេតុយ៉ាងលឿនបំផុត។ យ៉ាងណាក៏ដោយតាមរយៈភិនភាគរថយន្តទើបគេដឹងថា ជនបង្កហេតុគឺលោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី។
លោកយន់ សារោម គឺជាជនលេចធ្លោម្នាក់លើបញ្ហារឿងអាស្រូវ នៅក្នុងខេត្តមណ្ឌលគិរីទាំងបញ្ហាក្រុមគ្រួសារនិងបញ្ហាសង្គមពាក់ព័ន្ធនិងបញ្ហាដីធ្លី។ លោកមានបញ្ហាទំនាស់ដីធ្លីច្រើនកន្លែងជាមួយប្រជាពលរដ្ឋបងប្អូនជនជាតិភាគតិច, លោកមានរោងសិប្បកម្មនៅក្បែរតំបន់អភិរក្សភ្នំព្រិច។
ជាពិសេសលោកមានវិបត្តិគ្រួសារដោយការលែងលះជាមួយភរិយា។ ..ឥឡូវរឿងមួយទៀតគឺករណីបើកបររថយន្តបុកក្មេងបណ្ដាលឲ្យស្លាប់ហើយលោកគេចខ្លួនព្យាយាមមិនទទួលខុសត្រូវឡើយ។
បើទោះបីជាមានរឿងអាស្រូវច្រើន រុំព័ទ្ធយ៉ាងណាក៏ដោយក៏លោកយន់ សារ៉ោម នៅតែបន្តឈរជើងយ៉ាងរឹងមាំ នៅក្នុងតួនាទីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីដដែល។
គេរង់ចាំមើលរឿងមួយនេះទៀតពាក់ព័ន្ធនឹងអាយុជីវិតក្មេងប្រុស។ តើលោកយន់ សារោមមានជោគវាសនាយ៉ាងណាដែរ? ឬសងលុយរួចខ្លួន ដោយមិនមានទោសពៃរ៍៕