ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា សិស្សដែលទទួលជ័យលាភី គឺជាជំនាន់ចុងក្រោយ ដែលមានកម្រិតកម្ពស់ទាបជាង បើធៀបទៅនឹងការប្រកាសជ្រើសរើសថ្មី ដែលបានកំណត់ចំពោះបុរស ១,៧០ម៉ែត្រ និងនារី ១,៦៥ម៉ែត្រ ឡើងទៅ។ ចំពោះគោលការណ៍ណែនាំតម្រូវឱ្យថ្នាក់ដឹកនាំអង្គភាព រៀបចំនគរបាលធាត់ និងដុះក្បាលពោះខ្លាំង ឱ្យបំពេញការងារក្នុងការិយាល័យ ទាំងការងារចរាចរណ៍ និងការបង្រ្កាបនូវបទល្មើសផ្សេងៗ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា វិធានការនេះមិនមែនមានន័យថា ថ្នាក់ដឹកនាំបង្កើតបរិយាកាសដាក់សម្ពាធតទល់លើមន្រ្តីមានមាឌធាត់នោះទេ ប៉ុន្តែគឺជាការគិតគូរលើសុខភាព និងប្រសិទ្ធភាពការងារ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់សិស្សជ័យលាភីទាំងអស់ ត្រូវចងចាំការសច្ចាប្រណិធាន ក្នុងនាមជាអ្នកបំពេញការងារជានគរបាល ឱ្យបានល្អ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈនៃនគរបាលជាតិ ផ្តល់ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ក្រេបយកចំណេះជំនាញ តាមរយៈការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងអង្គភាព ជាពិសេសគឺចាប់យកការងារឌីជីថល ដើម្បីស្របតាមការអភិវឌ្ឍនៃយុគសម័យថ្មី។
មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់ការគាំទ្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដល់សាលានគរបាលជាតិ ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង និងផ្តល់សម្ភារៈមួយចំនួនទៀត ដើម្បីជំរុញដល់ការបណ្តុះបណ្តាលប្រកបដោយចីរភាព។ ក្នុងនោះផងដែរឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ត្រៀមលក្ខណៈបើកវគ្គបណ្តុះបណ្តាលខ្លី ដើម្បីឱ្យថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងមួយចំនួន បានរម្លឹកពីលំហាត់របៀប និងការពង្រឹងកាយសម្បទាជាដើម៕
ដោយ ៖ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ