វិធីនេះរៀបចំឡើងនៅសាលាខេត្តស្ទឹងត្រែងដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត ក្រសួងព័ត៌មាន និងក្រសួងបរិស្ថាន
ក៏មានការអញ្ជើញចូលរួមពីទីប្រឹក្សាច្បាប់ អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមនឹងសក្ខាកាមចូលរួមសរុបចំនួន ២៧៩រូប ផងដែរ។
លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមន៍ បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍សមត្ថភាពអ្នកសារព័ត៌មាន មន្ត្រីរាជការក៏ដូចជាបណ្ដាញសង្គមនានា សិស្សានុសិស្សឲ្យទទួលបាននូវចំណេះដឹងលើវិស័យព័ត៌មាន វិស័យបរិស្ថាន និងយល់ដឹងអំពីសមិទ្ធផលសក្តានុពលនានាក្នុងខេត្តស្ទឹងត្រែង ពិសេសសក្ខាកាមដែលបានចូលរៀននៅពេលនេះចូលរួមផ្សព្វផ្សាយអំពីសមិទ្ធផលស្នាដៃ អភិវឌ្ឍន៍ សក្តានុពលសេដ្ឋកិច្ចក្នុងមូលដ្ឋានភូមិ ឃុំ/សង្កាត់ ស្រុក ខេត្ត និងក៏ដូចជាការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោក ប៉ែន លីណាត អភិបាលរងខេត្ត បានថ្លែងការកោតសរសើរចំពោះក្រសួងព័ត៌មាននិងសមាគម ដែលបានរៀបចំបង្កើតកម្មវិធីនេះឡើងដើម្បីផ្ដល់ចំណេះដឹងដល់អ្នកសារព័ត៌មាន ក៏ដូចជាការផ្សព្វផ្សាយសមិទ្ធផលនានាដែលខេត្តកំពុងតែអភិវឌ្ឍន៍ ក៏ដូចជាសមិទ្ធផលនានាដែលខេត្តខិតខំប្រឹងប្រែងសម្រេចបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា សាលារៀន មន្ទីរពេទ្យ ហេដ្ឋាររចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង ដែលជាគោលការអទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
លោកអភិបាលរងខេត្តបានបន្តថា អ្វីដែលពិសេសជាតិនេះទៀតនោះ ខេត្តមានសក្តានុពលខាងទេសចរណ៍ ពិសេសនៅតាមតំបន់ជួរមាត់ទន្លេ មានសួនច្បារដ៏ស្រស់ស្អាត រមណីយដ្ឋាន សត្វកម្រគឺសត្វសោធ និងធនធានធម្មជាតិសំបូរបែបគួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ។ជាងនេះទៅទៀតសមិទ្ធផលផ្នែកកសិកម្មសំខាន់ៗដែលប្រជាពលរដ្ឋ កំពុងធ្វើនិងទទួលបាននោះមានដូចជាដំលូងមី កៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងៗជាច្រើនទៀតផងដែរ៕